ការកើតមាននូវអារម្មណ៍នៃការឈឺចាប់ ក្នុងពេលកំពុងរួមភេទ គឺអាចធ្វើអោយទំនាក់ទំនងផ្លូវភេទ របស់ដៃគូអ្នក និង អ្នក មានបញ្ហា។ បន្ថែមពីការឈឺចាប់ផ្នែករូបរាងកាយនៃការរួមភេទ វាក៏អាចកើតមាន ផងដែរនូវឥទ្ធិពលនៃអារម្មណ៍ជាអវិជ្ជមាន ដូច្នេះរាល់បញ្ហាទាំងនេះ គួរត្រូវបានធ្វើការតាមដាន ដើម្បី សិក្សាអោយដឹងពីមូលហេតុពិតប្រាកដរបស់វា។
តើកត្តាអ្វីខ្លះ ដែលធ្វើអោយស្ត្រីមានការឈឺចាប់ ក្នុងពេលកំពុងរូមភេទ?
នៅក្នុងករណីភាគច្រើន មានស្ត្រីម្នាក់អាចធ្លាប់មានបទពិសោធន៍នូវការឈឺចាប់ ក្នុងពេលរួមភេទ ប្រសិនបើទ្វារមាសរបស់នាង មិនមានទឹករំអិលគ្រប់គ្រាន់នោះទេ។ នៅពេលដែលបញ្ហានេះកើតមាន ការឈឺចាប់នេះ នឹងអាចធ្វើការដោះស្រាយបាន ប្រសិនបើនាង ព្យាយាមធ្វើការបន្ធូរអារម្មណ៍ ដើម្បីអោយទ្វារមាសរបស់នាង បង្កើតទឹករំអិលបានច្រើនជាងមុន ឬ ក៏ពួកគេអាចប្រើទឹករំអិលជាជំនួយ បន្ថែម ។
នៅក្នុងករណីមួយចំនួនទៀត ស្ត្រីអាចនឹងមានការឈឺចាប់ ក្នុងពេលនៃការរួមភេទ ប្រសិនបើ មានស្ថានភាពណាមួយដូចខាងក្រោមនេះ ត្រូវបានកើតឡើង៖
- ការរួញរឹងសាច់ដុំរបស់ទ្វារមាស។ នេះគឺជាស្ថានភាពទូទៅមួយ ដែលសាច់ដុំនៅក្នុងទ្វារមាស ត្រូវបានកន្ត្រាក់រួញរឹងភ្លាមៗ វាកើតមានភាគច្រើនដោយសារតែអារម្មណ៍នៃការភ័យខ្លាច នូវភាព ឈឺចាប់។
- មានការបង្ករោគនៅក្នុងទ្វារមាស។ ស្ថានភាពទាំងនេះ គឺមានលក្ខណៈជាទូទៅ និង រួមមានផង ដែរនូវ ការចម្លងរោគនៃពពួកមេរោគផ្សិត។
- បញ្ហាជាមួយនឹងមាត់ស្បូន ។ នៅក្នុងករណីនេះ គឺលិង្គអាចចូលទៅក្នុងមាត់ស្បូនបាន នៅក្នុង កម្រិតមួយដ៏ជ្រៅ ដូច្នេះបញ្ហាជាមួយនឹងមាត់ស្បូន (មានដូចជាការបង្ករោគ) គឺអាចធ្វើអោយស្ត្រី មានការឈឺចាប់ ក្នុងអំឡុងពេលនៃការដាក់បញ្ចូលលិង្គយ៉ាងជ្រៅ ទៅក្នុងទ្វារមាសរបស់នាង។
- បញ្ហាជាមួយនឹងស្បូន។ បញ្ហាទាំងនេះ អាចរួមមានដូចជា ដុំសាច់នៅក្នុងស្បូន ដែលវាក៏អាច ធ្វើអោយការរួមភេទ មានការឈឺចាប់ខ្លាំងបានផងដែរ។
- ជំងឺស្រទាប់ខាងក្នុងនៃស្បូន(endometriosis) ។ នៅក្នុងស្ថានភាពនៃជំងឺនេះ គឺជាលិកានៃស្រទាប់ ខាងក្នុង នៃស្បូន បានរីកដុះដាលនៅស្រទាប់ខាងក្រៅនៃស្បូន។
- បញ្ហាជាមួយនឹងអូវែ។ បញ្ហាទាំងអស់នោះ ប្រហែលជាអាចរួមមាននូវ គីសនៅលើអូវែ។
- ជំងឺរលាកឆ្អឹងអាងត្រគាក។ ជាលិកាដែលនៅខាងក្នុង ត្រូវបានរលាកជាខ្លាំង ហើយសម្ពាធដែល កើតមានពីការរួមភេទ គឺអាចធ្វើអោយវាមានការឈឺចាប់កាន់តែខ្លាំងឡើង។
- កូនក្រៅស្បូន។ វាគឺជាស្ថានភាពមួយ ដែលស៊ុតបង្កកំណើត ធ្វើការរីកលូតលាស់នៅ ខាងក្រៅស្បូន ។
- ស្ថានភាពនៃវ័យអស់រដូវ។ ក្នុងដំណាក់កាលនេះ ស្រទាប់ខាងក្នុងនៃស្បូន អាចនឹងបាត់បង់នូវ លក្ខណៈសំណើមជាធម្មតារបស់វា ហើយវាបានប្រែក្លាយជាស្ងួតវិញ។
- ការរួមភេទក្នុងរយៈពេលឆាប់ពេក បន្ទាប់ពីមានការវះកាត់ ឬ សម្រាលកូនរួច។
- ជំងឺដែលឆ្លងតាមការរួមភេទ។
- ការមានរបួសនៅត្រង់ ទ្វារមាស ឬ រន្ធយោនី។ ការរងរបួសទាំងនេះ អាចបណ្តាលមកពី ការដាច់ រហែកដោយសារការសម្រាលកូន ឬ ដោយសារកាត់ពង្រីកទ្វារមាសដើម្បីអោយទារកចេញមក បានស្រួល ក្នុងអំឡុងពេលនៃការឈឺពោះឆ្លងទន្លេ។
អ្នកគួរធ្វើការទំនាក់ទំនងទៅកាន់គ្រូពេទ្យ ប្រសិនបើមានសញ្ញាដូចជា ហូរឈាម, មានដំបៅនៅទ្វារមាស, មានការធ្លាក់ឈាមរដូវមិនទៀងទាត់, ធ្លាក់ស ឬ មានការកន្ត្រាក់សាច់ដុំទ្វារមាស និង សាកសួរពី អ្នកផ្តល់ប្រឹក្សាផ្នែកសុខភាពផ្លូវភេទ ដែលមានជំនាញច្បាស់លាស់ ប្រសិនបើមានការព្រួយបារម្ភផ្សេង ទៀតដែលអ្នកត្រូវធ្វើការតាមដាន៕