អ្វី​គួរ​ដឹង​ពី​ការជជែក​ដេញដោល​រវាង​លោកស្រី ហ៊ី​ឡា​រី និង លោក​ដូ​ណា​ល់ ត្រាំ​?

ការជជែក​ដេញដោល​គ្នា​លើ​ដំបូង រវាង​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៃ​បក្ស​ប្រជាធិបតេយ្យ​នឹងត្រូវ​រៀបចំឡើង​នៅ​យប់​ថ្ងៃ​ចន្ទ ទី​២៦​កញ្ញា (​ម៉ោង​អាមេរិក​) ។ ប្រធានបទ​សំខាន់​បី​ដែល​នឹងត្រូវ​ពិភាក្សា​មាន​«​ទិសដៅ​អាមេរិក​, ការ​ឈានទៅ​សម្រេចបាន​នូវ​វិបុលភាព និង ការរក្សា​សុវត្ថិភាព​អាមេរិក​»​។​



​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ និង​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ចាប់ផ្តើម​ជួប​ជជែក​ដេញដោល​ទល់មុខ​គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃ​ចន្ទ​ទី ២៦​កញ្ញា​(​ម៉ោង​អាមេរិក​)​។  កម្មវិធី​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ Hofstra University នាទី​ក្រុង​Hempstead ហើយ​ការ​ជែក​ពិភាក្សា​មាន​រយៈពេល​៩០​នាទី​ដោយ​ចាប់ផ្តើម​នៅ​ម៉ោង ៩​យប់​។​

​ការជជែក​ដេញដោល​លើកដំបូង​នេះ​ត្រូវ​រៀបចំឡើង​ប្រហែលជា​៦​សប្តាហ៍​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​មកដល់​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​របាយការណ៍​ស្ទង់​មតិ​ទូទាំងប្រទេស​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន ABC បង្ហាញថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នាំមុខ​លោក ដូ​ណា​ល់ ត្រាំ ត្រឹមតែ ២ ភាគរយ​ប៉ុណ្ណោះ​។ ដែល​នេះ​មានន័យថា បេក្ខជន​ទាំងពីរ​កំពុងតែ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​មែនទែន​។ 

-​ប្រធានបទ​នៃ​ការជជែក​ដេញដោល​លើក​ទី​១
​ត្រឡប់មកវិញ ប្រធានបទ​នៃ​ការជជែក​ដេញដោល​គ្នា​គឺមាន​បី​ធំៗ​ក្នុងនោះ​មាន «​ទិសដៅ​អាមេរិក​, ការ​ឈានទៅ​សម្រេចបាន​នូវ​វិបុលភាព និង​ធ្វើយ៉ាងណា​រក្សា​សុវត្ថិភាព​អាមេរិក​»​។ ហើយ​អ្នកសម្របសម្រួល​នៃ​ការជជែក​ដេញដោល រួមទាំង​ចោទ​ជា​សំណួរ​ចំពោះ​បេក្ខជន​ផង​នោះ គឺ​អ្នកសារព័ត៌មាន NBC លោក Lester Holt​។ 
-​ហេតុអ្វី​កម្មវិធី​នេះ​សំខាន់​?

​ជារួម ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ជា​ពេលវេលា​សំខាន់បំផុត​មួយ​សម្រាប់​បេក្ខជន​ទាំងពីរ​បញ្ចេញ​សមត្ថភាព​ដោយ​កំណត់​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​ក្នុងការ​ទាក់ទាញ​អ្នកបោះឆ្នោត​។ វា​ខុសពី​ការជួបជុំ​យុទ្ធនា​ការឃោសនា​ធម្មតា ព្រោះ​ប្រជាជន​ច្រើន​បំផុត​នឹង​ចំណាយ​ពេលវេលា​តាមដាន​ការជជែក​ដេញដោល​គ្នា​នេះ​។ 

​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​បញ្ចុះបញ្ចូល​និង​ទាញ​ការគាំទ្រ​ពី​អ្នកបោះឆ្នោត​ដែល​មិនទាន់​សម្រេចចិត្ត​ត្រឹមត្រូវ​។​

-​ថ្ងៃ​អង្គារ​ទី ២៧ កញ្ញា ការចុះឈ្មោះ​បោះឆ្នោត​ថ្នាក់ជាតិ​ចាប់ផ្តើម​
​រឿង​សំខាន់​មួយទៀត​គឺ នៅ​ថ្ងៃ​អង្គារ​ទី ២៧​កញ្ញា ក្រោយ​ថ្ងៃ​ជជែក​ដេញដោល​មួយថ្ងៃ ជា​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោតជាតិ​នៅ​អាមេរិក​។ វា​ជា​ពេលដែល​ប្រជាជន​អាមេរិក​ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​។ 

-​ការជជែក​ដេញ​រវាង​បេក្ខជន​អនុ​ប្រធានាធិបតី Mike Pence និង​លោក Tim Kein
​ចំណែក​ថ្ងៃ ៤​តុលា កម្មវិធី​ជជែក​ដេញដោល​មួយទៀត​រវាង​បេក្ខជន​ប្រ​ធា​ធិបតី​អាមេរិក​លោក Tim Kein មកពី​បក្ស​ប្រជាធិបតេយ្យ​និង​លោក Mike Pence ដែលជា​បេក្ខជន​អនុ​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ។ កម្មវិធី​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ Longwood នៃ​រដ្ឋ Virginia​។ 

-​ការជជែក​ដេញដោល​រវាង ដូ​ណា​ល់ ត្រាំ និង​ហ៊ី​ឡា​រី លើក​ទី ២ និង​លើក​ទី ៣
​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ជួបគ្នា​ក្នុង​ការជជែក​ដេញដោល​បន្ទាប់​នៅ​ថ្ងៃ អាទិត្យ ទី ៩ តុលា ខាងមុខ​ទៀត​។ កម្មវិធី​ពិសេស​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ Washington នៅ​ក្រុង St. Louis នារ​ដ្ឋ Missouri​។​វេទិកា​ជជែក​ដេញដោល​លើក​ទី ២​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​អ្នកចូលរួម​សួរ​សំណួរ បេក្ខជន​បាន​ពាក់កណ្តាល ហើយ​សំណួរ​ពាក់កណ្តាល​ទៀត​នឹងត្រូវ​សួរ​ដោយ​អ្នកសម្របសម្រួល​។  

​ចំណែក​ជំនួប​លើក​ទី ៣ នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ១៩​កញ្ញា​។ វេទិកា​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ Nevada នៃ​ក្រុង Las Vegas ដែល​ស្ថិតនៅ​រដ្ឋ Nevada​។ កម្មវិធី​នេះ​នឹងត្រូវ​ប្រារព្ធ​ឡើង​ដោយ​យក​គម្រូ​តាម​ការជជែក​ដេញដោល​លើកទីមួយ​៕